គំរោងចំនួន ៨៨ត្រូវបានលើកឡើងក្នុងសមាហរណកម្ម ផែនការវិនិយោគ ឃុំ នៅស្រុកមុខកំពូល

សំរាប់ឆ្នាំ២០១៩ ឃុំទាំង៧ របស់ស្រុកមុខកំពូលបានលើកគំរោងចំនួន៨៨ ដើម្បីធ្វើការអភិវឌ្ឍន៏មូលដ្ឋានរបស់ខ្លួន សំដៅឆ្លើយតបទៅតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ គំរោងទាំង៨៨មានផ្នែកសេដ្ឋកិច្ច ៣៥គំរោង សង្គមកិច្ច ២៧គំរោង ធនធានធម្មជាតិ បរិស្ថាន ១២គំរោង និងរដ្ឋបាលនិងសន្តិសុខ ១៤គំរោង។ នេះជាការលើកឡើងរបស់លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូលក្នុងសមាហរន្តកម្ម នៃកម្មវិធីវិនិយោគ ឃុំនៅថ្នាក់ស្រុកនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាស្រុកមុខកំពូល ។

          លោក អ៊ោម គឹមលាង ប្រធានក្រុមប្រឹក្សាស្រុកបានបញ្ជាក់ថា សិក្ខាសាលាយើងនៅពេលនេះ គឺជាការរួមចំណែកគាំទ្រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរ ការកសាងផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគរបស់ ក្រុមប្រឹក្សា ឃុំ-សង្កាត់ ហើយឃុំទាំង៧ នៅក្នុងស្រុកមុខកំពូលនឹងអាចអនុវត្តគំរោងរបស់ខ្លួន តាមលទ្ធភាពនិងធនធានរបស់ស្ថាប័ន មន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមបណ្តាឃុំសង្កាត់ទាំងនេះ ។ កន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផល នានាក្នុងឃុំ សង្កាត់​ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគមន៏ ហើយដែលសេចក្តីត្រូវការទាំងនោះបាន ឆ្លុះបញ្ចាំងនូវបញ្ហា ឬតំរូវការជាក់ស្តែងដែលបានកើតឡើងក្នុងមូលដ្ឋាននោះ។ លោកក៏បានផ្តាំផ្ញើរដល់អង្គសិក្ខាសាលា ត្រូវរៀបចំឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា       ដើម្បីឲ្យការវិនិយោគ និងសកម្មភាព ដោយឆ្លុះបញ្ចាំងឲ្យបានច្បាស់ អំពីអាទិភាពនានាដែលបានលើកឡើងដោយប្រជាពលរដ្ឋ នៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគ ឃុំ សង្កាត់ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគំរោងឲ្យមានភាពរលូន ជាមួយគ្នាដើម្បីជួយពង្រឹងតួនាទី របស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំ​ទ្រគំរោងរបស់ឃុំដែលជាតំរូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គំរោងនីមួយៗ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រត្រូវយកចិត្ត​ទុកដាក់ យកកិច្ចសន្យានេះបញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ របស់ខ្លួននិងខិតខំអនុវត្ត ឲ្យមានប្រសិទ្ធភាព រាល់គំរោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ ។