ពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ ឆ្នាំ២០១៩នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស  និងឯកឧត្តម នៃ ចារី អភិបាលរង  នៃគណៈអភិបាលខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថាវគ្គហ្វឹកហ្វឺនពង្រឹងរបៀបរៀបរយ ឆ្នាំ២០១៩មានរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចំនួន៨០នាក់ ដែលមកពីបណ្តាផ្នែកសឹករង ស្រុក ក្រុង វរសេនាតូចលេខ១ និងទីបញ្ជាការ។លោកបន្តថាក្នុងវគ្គហ្វឹកហ្វឺននេះក្រៅពីខ្លឹមសារនៃកម្មវិធីហ្វឹហ្វឺន អង្គភាពបានបង្កើតខ្លឹមសារមេរៀន ដោយបានអញ្ជើញមន្ត្រីសាលាដំបូងខេត្ត និងមន្ត្រីនៃស្នងការនគរបាលខេត្ត មកផ្សព្វផ្សាយច្បាប់ស្តីពីក្រមព្រហ្មទ័ណ្ឌ ច្បាប់ស្តីពីក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងកាន់តែច្បាប់ថែមមួយកំរិតទៀត។

មានប្រសាសន៍ក្នុងពិធីឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានថ្លែងថា ការហ្វឹកហ្វឺនធនធានមនុស្ស ជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សំដៅឱ្យនាយទាហាន នាយយទាហានរង និងពលទាហាន ទទួលបាននូវកំរិតយល់ដឹង និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចការពារឯករាជជាតិ អធិបតីភាព និងបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសចូលរួមក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានថ្លែងសរសើរដល់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបង្កើតវគ្គនេះឡើង ឯកឧត្តមក៏បានសំណូមពរឱ្យបន្ថែមនូវមេរៀនស្តីពីច្បាប់នៃការត្រួតពិនិត្យគ្រឿងញៀន ដើម្បីសំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់ ការចរាចរណ៍ និងការផលិតគ្រឿញៀន នៅក្នុងមូលដ្ឋានខេត្តកណ្តាល និងទូទាំងប្រទេសផងដែរ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងសិក្ខាកាមទាំងអស់ថា ត្រូវគោរពឱ្យបាននូវវិន័យ អត្តចរិត សីលធម៌រស់នៅស្អាតស្អំ ឲ្យសមស្របទៅជាកងយោធពលខេមរភូមិន្ទ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចតាមផែនការដែលថ្នាក់លើបានកំណត់ នឹងត្រូវចូលរួមទប់ស្កាត់ឲ្យបាននូវរាល់ចលនាបដិវត្តពណ៌ និងចលនាផ្សេងៗរបស់ពួកប្រឆាំងនិងអមិត្ត ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបន្តថាការងារហ្វឹកហ្វឺន គឺជាការងារមួយសំខាន់ និងចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចជំនាញ។ សិក្ខាកាមត្រូវប្រែក្លាយចំណេះដឹងដែលបាន ហ្វឹកហ្វឺនខិតខំរៀនសូត្រ អោយទៅជាសកម្មភាពជាក់ស្ដែង ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ។ សិក្ខាកាមដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងរបៀបរៀបរយត្រូវយកចំណេះដឹងដែលបានរៀនសូត្រក្នុងវគ្គ ជួយបង្ហាត់បង្រៀនដល់យោធិននៅតាមអង្គភាពសំដៅបង្កើនសមត្ថភាពក្នុងអង្គភាពរបស់ខ្លួនផងដែរ។