ឯកឧត្តម ស៊ុំ រុំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនមន្ត្រីនៅស្រុកលើកដែក

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មានគោលបំណង​ធានា​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ និងធានា​ការពារសុខភាព​ និងអាយុ​ជីវិត​ មនុស្ស​ សត្វ​ ទ្រសម្បត្តិ និងបរិស្ថាន ហើយ​មានគោលដៅ​​ផ្តល់​ការយល់​ដឹង​អំពី​សុវត្ថិភាព​ ចរាចរណ៍​ផ្លូវគោក គ្រប់​គ្រង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ផ្លូវគោក និងទប់​ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ដែលបណ្តាមកពី​ការ​ប្រើ​ប្រាស់​ផ្លូវថ្នល់។ នេះជាការលើកឡើង​របស់​ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ​ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា និងអធិការកិច្ច​ ក្នុងឱកាស​ដែល​ឯកឧត្តម បាន​អញ្ជើញចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ជូនដល់មន្ត្រី​ ក្រុម​ប្រឹក្សា​ កម្លាំងនគបាល​ស្រុកលើកដែក​ កាលពី​ចុងសប្តាហ៍​កន្លងទៅនេះ​។ ឯកឧត្តម​បានជំរាប​ជូន​ផងដែរ​ពីការព្រួយ​បារម្ម​ណ៍​របស់​រាជរដ្ឋាភិបាល​ មើល​ឃើញ​​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតមានជារៀង​រាល់ ថ្ងៃនៅលើ​ដង​ផ្លូវជាតិ បណ្តាឲ្យ​បាត់​បង់អាយុជីវិត​ប្រជាពលរដ្ឋ និងបង្កឲ្យ​មានសោកនាដកម្ម​ដល់ក្រុមគ្រួសារ​ បន្សល់ទុកកូនកំព្រា ស្ត្រីមេមាយ  គ្រួសារត្រូវបាត់បង​កម្លាំ​ពលកម្ម  និងបញ្ហាជាច្រើនទៀត​ដែលរងគ្រោះ​ ពីផលគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នេះ។

លោក ចែម ជឿន អនុប្រធានការិយាល័យ​ទំនាក់ទំនង​​នៃក្រសួង​ បានធ្វើ​បទ​ឧទ្ទេសនាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​បានអនុម័ត​កាលពីថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៤ ដោយរដ្ឋសភា​ នាសម័យ​ប្រជុំ​លើក​ទី៣ និតិកាល​ទី៥​ ដែល​មាន​៩២មាត្រា និង១២ជំពូក​។ នៅក្នុង​ជំពូកអ្នកបើកបរយាន​ជំនិះ​គ្រប់​ប្រភេទ​ក្នុង​ព្រះ​រាជាណចក្រ​កម្ពុជា ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច​។ គ្រប់​យាន​ជំនិះ​​​ដែលមានចលនា​នៅ​លើ​ផ្លូវថ្នល់​ត្រូវ​តែមានអ្នកបើកបរ។ ហាម​ធ្វើ​ឲ្យរំខាន​ដល់​អ្នក​រស់នៅ​ជាប់តាម​ដង់​ផ្លូវ​ និងអ្នក​ប្រើប្រាស់​ផ្លូវ​ ហាម​ពិសារគ្រឿងស្រវឹង​ដែល​មានអត្រា​ជាតិ​អាល់កុល​ចាប់​ពី​ 0.25 មីលីក្រាម​ក្នុង១លីត្រខ្យល់ រឺចាប់ពី​ 0.05 ក្រាម​ក្នុង១លីត្រឈាម​ឡើងទៅ។ ទោចក្រក្រយានយន្ត​អាចផ្ទុក​មនុស្ស​ ២នាក់​ និងអាច​បន្ថែម​បាន​កុមារ​១នាក់ ។ អ្នកបើកបរ​ និងកុមារ​ត្រូវពាក់មួកសុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ ​នៅក្នុងជំពូក​ទី​៣នេះ លោក ចែម ជឿន​​ បាន​បញ្ជាក់​ថា​ដោយ​សារ​តែ​អ្នក​បើកបរ​មិនគោរពតាមច្បាប់​ទើប ធ្វើឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រាល់ថ្ងៃ​។ ដូច្នោះ​ដើម្បី​ការពារ​ និងកាត់​បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍​យើងត្រូវ​តែចូលរួម​ទាំង​អស់គ្នា​ ក្នុងការ​គោរព​ច្បាប់ចរាចរណ៍​ មានន័យថា​សុវត្ថិភាព​ចំពោះ​ខ្លួន​យើងក្នុង​ការធ្វើ​ដំណើរ​គឺផ្តើម​ចេញ​ពីខ្លួន​ឯង​ និងមួយផ្នែកទៀត​ប្រជាពលរដ្ឋដែល​មានសិទ្ធជាអ្នក​បើកបរ​ត្រូវចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​អស់​គ្នា។