ពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាវត្តជោតិរង្សី

សាលាពុទ្ធិកបឋមសិក្សា១ខ្នង នៅវត្ត​ជោតិរង្សី​ស្ថិតនៅ​ក្នុងឃុំកោះអន្លង់ចិន ស្រុកស្អាង​ខេត្តកណ្តាល​ និងផ្លូវបេតុង១ខ្សែ​ប្រវែង ៨០០ម៉ែត្រ ត្រូវបានដាក់ឆ្លងឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល​ នាថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ២០១៦។

        អញ្ជើញចូលរួមនាឱកាស​នោះដេរមាន ឯកឧត្តម លោកជំទាវ​ជាអភិបាល​រងខេត្ត​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ ប្រធាន-អនុប្រធាន​មន្ទីរនានាជុំវិញខេត្តជាច្រើនរូប​។

        លោក ញឹម វ៉ាន់​ឌិន អភិបាលស្រុក​ស្អាង​ បានជំរាបពី​ប្រវត្ត​នៃ​ការកសាង​វត្តជោរង្សី​ដែល​មានអាយុកាល ១៣១ឆ្នាំកន្លងមកហើយ​ និង​ការកសាងសមិទិផលនានា ដើម្បី​បំរើ​ឲ្យ​វិស័យ​សាសនាក្នុងនោះមាន​ព្រះវិហារ សាលា​ពុទ្ធិកបឋមសិក្សា​ ហោត្រ័យ​កុដ​ និងឧប្បដ្ឋាន​សាលា​។ល។ ដោយសាលា​ពុទ្ធិកបឋមសិក្សាមានសភាព​ទ្រុតត្រោម គណៈ​កម្មការវត្ត​បានផ្តើម​កសាងជាថ្មីដែល​ ធ្វើ​ពីឥដ្ឋ​ប្រកក្បឿង​ មានទទឹង ១០.៨ម៉ែត្រ បណ្តោយ​២១ម៉ែត្រ កំពស់​១៦ម៉ែត្រ មាន៣បន្ទប់​ ចំណាយថវិកា​អស់​ ២១០៤៦៤ដុល្លារ ក្នុង​នោះឯកឧត្តម ម៉ៅ ភិរុណ ​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ ៧៥០៧ដុល្លា ស៊ីម៉ង់​ត៍​១៥តោន​ ដីខ្សាច់​១៧ទូក​។

        មានប្រសាសន៍​សំណេះសំណាល​ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បានបញ្ជាក់ថា​ ខ្ញុំពិតជាមាន​មោទនភាពយ៉ាង​ក្រៃ​លែង​ ដោយបាន​មើលឃើញ​សមិទ្ធផល​ និងការអភិវឌ្ឍន៍​រីកចម្រើន​ គួរឲ្យ​កត់សម្គាល់​ របស់ឃុំ​កោះអន្លង់ចិន ទៅលើហេដ្ឋានចរនា​សម្ព័ន្ធនានាទាំងផ្នែកអាណាចក្រ​ និងផ្នែកពុទ្ធ​ចក្រ​ជាពិសេស​ការរីកចម្រើន​ខាងផ្នែក​កសិកម្ម​។ ​សមិទ្ធផល​ និង​ការរីក​ចម្រើន​ទាំងនេះ​ កើតឡើង​បាន​អាស្រ័យ​ដោយ​ប្រទេសជាតិ​របស់​យើង​មាននូវ​សុខសន្ថិភាព​ ស្ថេរភាព​នយោបាយ​ និងស្ថេរ​ភាពសេដ្ឋកិច្ច​ពេញលេញ​ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌឹត​ របស់​ សម្តេចអគ្គមហាសេនាបតី​តជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់​​ព្រះពុទ្ធ​សាសនា និង​ទីវត្តអារាម​ ដើរតួ​នាទី​យ៉ាង​​សំខាន់​ក្នុងការ​អប់រំ​សីលធម៌​ និងចរិយា​ធម៌​នៅក្នុង​សង្គម​ ហើយក៍​ជាទីសក្ការៈ​បូជា និងជា​ថ្នាល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដ៍​សំខាន់​ផងដែរ​។ ទាំនេះ​ពិតជារួម​ចំណែក​ដល់ការ​ធ្វើ​ឲ្យ​មានសុខុមនីយកម្ម​ក្នុងសង្គមជាតិ ដែល​ជាមូលដ្ឋាន​គ្រឹះ​ដ៍​ចំាបាច់​សម្រាប់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និងសង្គម​ ប្រកបដោយ​សមធម៌​ និងមាន​ចីរភាព​ ។ សាលាពុទ្ធិកបឋមសិក្សា​នេះ​ គឺ​ជា​សមិទ្ធផលថ្មី​បន្ថែម​ទៀត​ ដែលនឹងជួយ​ឲ្យ​វត្ត​ជោតិ​រង្សី​ កាន់តែ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ ស័ក្តិសមជាកន្លែង​គោរព​សក្ការៈ​ របស់ពុទ្ធបរិស័ទ​ ព្រម​ទាំ​ងបានចូលរួម​ចំណែក​លើកស្ទួយ​នូវវិស័យ​ព្រះពុទ្ធ​សាសនា​នៅក្នុងខេត្តកណ្តាល​ ក៍ដូច​ជា​ប្រទេសកម្ពុជា​ឲ្យកាន់​តែ​អភិវឌ្ឍន៍​ឆ្ពោះ​ទៅមុខមួយ​កម្រិត​បន្ថែម​ទៀត​។ ដោយ​ឡែក​ ផ្លូវ​បេតុង​ប្រវែង​ ៨០០ម៉ែត្រ​ ដែល​យើង​ប្រកាសបើកការដ្ឋាន​ នាថ្ងៃនេះ​ក៍​នឹងជួយដោះស្រាយ​ការលំបាកនានា​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងអ្នក​ធ្វើ​ដំណើរ​ផ្សេងទៀត​ហើយក៍នឹង​ចូលរួមចំណែក​កែ លម្អ កម្រិតជីវភាពរបស់​ប្រជាពលរដ្ឋ​លើកោះអន្លង់ចិន​ទាំងមូល​ឲ្យ​កាន់តែប្រសើរ​ឡើង​ផងដែរ។