ប្រជាពលរដ្ឋចំនួន ៥៧ គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយខ្យល់កន្ត្រាក់សរុបចំនួន ៥៧ គ្រួសារ សមាជិកក្នុងបន្ទុកចំនួន ១៧៥នាក់ នៅភូមិពាម និងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីកាក បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នាព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧នៅក្នុងបរិវេណសាលាបឋមសិក្សាក្រោលគោ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា អញ្ជើញរួម​ដំណើរជាមួយរួមមាន សមាជិកថ្នាក់កិត្តិយសសាខា គណៈកម្មាធិការ​សាខា សប្បុរស​ជន មន្រ្តី​ប្រតិ​បតិ្ត​សាខា អនុសាខា​កាកបាទក្រហមស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និង​អាជ្ញា ធរ​ដែនដីជាច្រើនរូបទៀត ។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍សំណេះសំណាល ដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ​ពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭកជាទីបំផុត ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការសោក​ស្តាយ ព្រមទាំងបានចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររង ដោយ គ្រោះមហន្តរាយគ្រោះធម្មជាតិ ដែលបានទទួលរងផលប៉ះពាល់ខូចខាតនូវទីជម្រក ព្រមទាំងទ្រព្យសម្បត្តិនា​ពេល កន្លងមក ។ ក្នុងឱកាសនោះដែរឯកឧត្តមក៏​បានលើកឡើងថា ជាគោលការណ៍របស់កាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក កាកបាទក្រហមត្រូវទៅដល់ទីនោះ ដើម្បីជួយដោះស្រាយសម្រាលការលំបាកឲ្យបានទាន់ពេលវេលា ដោយនាំយក អំណោយជាស្បៀងអាហារ និងជាសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ទៅជួយឧបត្ថម្ភជាបន្ទាន់​ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។ ជាពិសេសការការឆ្លើយតបចំពោះជនរងគ្រោះ និងជនងាយ រងគ្រោះ គឺមិនបានប្រកាន់នូវពូជសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ  ដោយផ្អែក តាម​គោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។ អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភជូននាឱកាស នេះ ថ្វីត្បិតមានចំនួនតិចតួចស្តួច​ស្តើងមិនបានសមទៅនឹងទំហំនៃការរងគ្រោះខូចខាតក៏ពិតមែន ប៉ុន្តែវាក៏អាចជួយ សម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបាន​មួយកម្រិតផងដែរ ។

សូមបញ្ជាក់ជូនថា គ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅ និងបានប៉ះ ពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥៧ គ្រួសារ នៅក្នុងភូមិចំនួន ២ គឺ ភូមិពាម និង ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៥៧ ខ្នង ត្រូវខូខខាត ក្នុងនោះ ផ្ទះរលំដល់ដី ៨ ខ្នង និងចំនួន ៤៩​ ខ្នងផ្ទះទៀតត្រូវបានខូចខាតជាមធ្យម ហើយពុំបានបង្កជារបួសស្នាម ឬ បាត់បង់ដល់អាយុជីវិតមនុស្សសត្វឡើយ ។

អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ,មី១កេស ,ត្រីខ កំប៉ុង ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១ យួរ ,អំបិលសុខភាព ១គីឡូក្រាម ,តែ ១កញ្ចប់ និងថវិកាចំនួន ៥ ម៉ឺនរៀល ៕