គណអភិបាលខេត្តជំរុញបិទការនាំចូលសត្វ និងបន្លែពីប្រទេសក្រៅ

ឯកឧត្តម ម៉ៅ ភិរុណ អភិបាល​នៃគណៈអភិបាលខេត្ត​កណ្តាល​បានជំរុញ​ឲ្យ​មន្ទីរព័ត៌មាន​ខេត្ត​សហការជាមួយ​រដ្ឋបាល​សាលាខេត្ត មន្ទីរ​អង្គភាពជុំវិញខេត្ត​ ត្រូវរៀបចងក្រង​ឯកសារ​ រូបថត​សកម្មភាព​របស់រដ្ឋបាល​ខេត្ត​ដែលបានបិទបញ្ជាររួចហើយ​ ​ដោយធ្វើ​ជាសៀវភៅ​រូបភាព ​ និងរក្សា​ទុក​រូបថត​ឲ្យ​បានល្អ។ នេះជាប្រសាសន៍​របស់​​ឯកឧត្តម ម៉ៅ ភិរុណ ដែលបាន​លើកឡើង​ក្នុងកិច្ច​ប្រជុំ​គណៈ​អភិបាល​ខេត្ត​ កាលពីថ្ងៃ​ទី ១៤ ខែមិថុនា​ ឆ្នាំ២០១៧នៅសាលាខេត្តកណ្តាល​។

នៅក្នុង​កិច្ច​ប្រជុំ​នេះ​ ឯកឧត្តម​បានសំណូមពរឲ្យ​ប្រធានច្រក​ទ្វា​រព្រំដែន​ទ្វេរភាគីជ្រៃធំខ្នា​តាំងយូរជួយ​ពិនិត្យ​បទល្មើស​ដែលនាំ​ជ្រូក មាន់ ទា និងបន្លែគ្រប់ប្រភេទ​​នាំមក​ពីប្រទេស​វៀតណាម​ព្រមទាំង​ទប់ស្កាត់​ទំនិញ​ល្មើសច្បាប់​ ទំនិញ​ខូចគុណភាព និងទំនិញមានសារធាតុគីមី​ដែលធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

        ឯកឧត្តម  ​បាន​បន្តទៀតថា      ​ការទប់ស្កាត់ការនាំចូលនេះ​ក៍     ដើម្បី​ឲ្យ​ប្រជាកសិករ​បង្កើន​ការផលិត​ផល​ កសិកម្មក្នុងស្រុក​ជាពិសេស​ជំរុញ​ការចិញ្ចឹម​សត្វ​ និងការដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​ដែល​ជាតំរូវ​ការ​ទីផ្សារ​ក្នុងស្រុក​ដោយ​មិនកាត់​បន្ថយ​ការនាំចូលបន្លែ​និងសត្វ​ពីប្រទេស​វៀតណាម​​។

         ឯកឧត្តម​បានស្នើរ​ឲ្យ​មន្ទីរ​បរិស្ថាន​​ និងអាជ្ញាធរ​ពាក់ព័ន្ធត្រូវ​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​ និងកសិដ្ឋាន​ ចិញ្ចឹមសត្វជ្រូក មាន់ ទា ត្រូវ​រៀបចំ​កន្លែង​ចិញ្ចឹ​ម​តាមលក្ខណៈបច្ចេកទេស​មានអនាម័យ​ល្អ ចៀសវាង​ការចិញ្ចឹម​គ្មាន​អនាម័យ ដែលជិះក្លិនមិនល្អ​ធ្វើឲ្យប៉ះពាល់​ដល់​ សុខភាព​ប្រជាពរដ្ឋ​រស់នៅ​ជិត​តំបន់​នោះ ព្រោះ​កន្លង​មក​ប្រជាជន​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក-ក្រុង​ និងខេត្ត​ឲ្យ​ជួយ​ពិនិត្យ​លើ​បញ្ហា​អនាម័យ​គ្រប់​កសិដ្ឋាន​ដែល​មានក្នុងខេត្ត៕