ប្រតិភូសាខាចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១ គ្រួសារ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំ​ដោយ​លោកជំទាវ គឹង ចាន់ឌី គន់គីម អនុប្រធាន​កិត្តិយសសាខា រួមដំណើរដោយសមាជិកគណៈកម្មាធិការ​សាខា​ មន្ត្រីក្រុមប្រតិបត្តិសាខា អនុ​សាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់ព្រែកហូរ បានចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់អ្នករងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១ គ្រួសារឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ ៥៩ ឆ្នាំ មានសមាជិករស់នៅក្នុងបន្ទុកសរុបចំនួន ៩ នាក់  នៅភូមិព្រែកហូរកើត សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។

មានប្រសាសន៍សំណេះសំណាល លោកជំទាវ គឹង ចាន់ឌី គន់ គីម បាននាំមកនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសាររង គ្រោះដោយទឹកចិត្តអាណិតអាសូរនិងក្តីនឹករឭក ។ លោកជំទាវបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សម្តេច តែងតែបានណែនាំជាប្រចាំដល់គ្រប់ស្ថាប័នទាំងអស់នៅក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងនាំ យកអំណោយមនុស្សធម៌ទៅផ្តល់ជូនផ្ទាល់ដៃដល់ចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រ អ្នកផ្ទុកមេរោគ អេដស៍ កុមាកំព្រា ស្រី្តឆ្លងទន្លេ ពិសេសអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។ ជាក់ស្តែងថ្ងៃនេះ បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាក បាទក្រហមកម្ពុជាក្រុង សាខាកាក​បាទក្រហមកម្ពុជាខេត្ត ដោយមានឯកឧត្តម ជាវ តាយ ជាប្រធាន ឯកឧត្តម បានចាត់ឲ្យក្រុមការងារប្រតិបត្តិសាខាចុះពិនិត្យភ្លាមៗដល់ទីកន្លែងរងគ្រោះផ្ទាល់ និងបានចាត់ចែងប្រតិភូសាខាចុះ មកសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវអំណោយមនុស្សធម៌មកឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដៃនាឱកាស នេះ ។ ចុងបញ្ចប់នៃពិធីលោកជំទាវ គឹង ចាន់ឌី គន់ គីម បានផ្តាំផ្ញើដល់គ្រួសារ​រងគ្រោះ សូមមេត្តាកាត់ចិត្តទប់ អារម្មណ៍កុំអស់សង្ឃឹម ព្រោះគ្រោះថ្នាក់នេះវាបានកន្លងផុតទៅហើយ អ្វីដែលត្រូវគិតគូនោះ គឺខិតខំប្រឹង​ប្រែងប្រកប​រកស៊ីចិញ្ចឹមក្រុមគ្រួសារជាថ្មីឡើងវិញបន្តទៀត  និងសូមមេត្តាប្រុងប្រយ័ត្នពីករណីគ្រោះអគ្គិភ័យ ព្រោះថាបើយើង មានការធ្វេសប្រហែស នោះវានឹងងាយជួបនូវគ្រោះថ្នាក់នេះណាស់  ។

អំណោយដែលសាខាបានឧបត្ថម្ភជូនមាន៖ អង្ករ ១៥០គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ទឹកត្រី៥យួរ ,ទឹកស៊ីអ៊ីវ១យួរ ,សារុង៥ ,សំពត់ស៊ឹង៥ ,ខោអាវ២សម្រាប់ ,ក្រមាពោះគោ២  ,ប៊ីចេង ៤កញ្ចប់ ,ស្ករស ៥ កញ្ចប់ ,អំបិលសុខភាព ៥កញ្ចប់ ,សម្ភារដំណេក ១ឈុត ,សម្ភារផ្ទះបាយជាច្រើនមុខ និងថវិកាមានចំនួនសរុប ៩០ លានរៀល និង ៣០០ដុល្លារសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា សប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិការួម មាន៖ លោកជំទាវ គឹង ចាន់ឌី គន់ គីម ថវិកា ៣០០ ដុល្លារ ,សាខាកាកបាទក្រហមកម្ពុជាខេត្ត ថវិកា ៣០ ម៉ឺនរៀល ,ក្រុមកាកបាទក្រហមសង្កាត់ ថវិកា ៤០ ម៉ឺនរៀល លោកជំទាវ អុល ណារ៉ាន់ ជឹម សុខខុន ថវិកា ១០ ម៉ឺន ,លោក ស្រី ឌៀង សុផាន់ណា ថវិកា ១០ ម៉ឺនរៀល ៕