សំណង់គ្មានច្បាប់អនុញ្ញាតត្រូវបានផ្អាកការសាងសង់

 

សំណង់គ្មានច្បាប់អនុញ្ញាតិ្តពីមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដី អជ្ញាធរខេត្តស្រុក ត្រូវបានធ្វើការផ្អាកសាងសង់នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧ លោក​ ហែល ម៉ូដេត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ ខេត្តរួមជាមួយមន្រ្តីជំនាញស្រុកអង្គស្នួល។

          ករណីផ្អាកការសាងសង់សំណង់ ១ នេះគឺធ្វើឡើងដោយមានពាក្យបណ្តឹងរបស់លោកស្រី កែវ បុផ្ជា ជាម្ចាស់ដើមបណ្ណឹងដែលបានប្តឹងលោក សេង ដាមី បានសាងសង់សំណង់ក្នុងរូបភាពធំលក្ខណៈជាការ៉ាអូខេ និង ផ្ទះសំណាក់ហើយសង់លើដីទំនាស់សិ្ថតនៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។

          លោក ហែល ម៉ូ ដេត ដែលបានដឹកនាំក្រុមការងារចុះពិនិត្យ និង ផ្អាកការសាងសង់បានអោយដឹងថា ទីតាំងសាងសង់សំណង់រឹងមាំនេះគឺបាន និង កំពុងសាងសង់ហើយកន្លងមកក្រុមការងារក៏ដូចជាការិយាល័យដែនដីនគរូបនីយកម្មសំណង់ និង ភូមិបាលស្រុកធ្វើការសម្រុះសម្រួលជាច្រើនលើកតែគូរភាគី វិវាទមិនបានស្រុះស្រួលគ្នាឡើយ។ចំណែកឯការសាងសង់គឺគ្មានលិខិតអនុញ្ញាតសាងសង់ហើយត្រូវការដែនដីនគរូនីយកម្មសំណង់​និង ភូមិបាលស្រុក មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ ចេញលិខិតផ្អាកការសាងសង់ព្រមទាំងចុះមកផ្អាកដល់ទីតាំងជាច្រើនលើក។

          ទោះបីក្រុមការងារសាងសង់ធ្វើការផ្អាកច្រើនលើកយ៉ាងណាក្តីក៏ម្ចាស់សំណង់ឈ្មោះ សេង ដាមី មិនគោរពតាមការណែនាំខាងលើ ហើយនៅតែបន្តការសាងសង់បន្តទៀត។

          នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧ ដែលជាថ្ងៃចុះផ្អាកការសាងសង់សំណង់ផ្ទះសំណាក់ និង ការ៉ាអូខេនេះ លោក សេង ដាមី ដែលជាម្ចាស់សំណង់គេចវេស មិនចូលខ្លួនដើម្បីដោះស្រាយជាមួយក្រុមការងារឡើយ។ រឺឯអជ្ញាធរឃុំក៍មិនចូលរួមផងដែរ។

          លោក ហែល ម៉ូដេត បានបញ្ជាក់ថាថ្វីត្បិតតែម្ចាស់សំណង់មិនចូលរួមដោះស្រាយក្តីតែក្រុមការងារសំរេចផ្អាកជាងមិនអោយសាងសង់បន្តទៀតឡើយលុះត្រាតែមានការដោះស្រាយតាមផ្លូវច្បាប់។