អាជីវករលក់ដូរនៅផ្សារគគីរបានប័ណ្ណកម្មសិទ្ធស្របច្បាប់

       អាជីវករនៅផ្សារគគីរដែលសិ្ថតនៅក្នុងឃុំគគីរស្រុកកៀនស្វាយបានទទួល​​​​​​​   ប័ណ្ណកម្មសិទ្ធិសំគាល់តូប ទាន លក់ដូរស្របច្បាប់ពីឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទីចុងសប្តាហ៍កន្លងទៅនេះ។

        ថ្លែងក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិ ឯកឧត្តម ជាវ តាយ បានបញ្ជក់ថាផ្សារ គគីរគឺជាផ្សារប្រភេទ រួមមានតូបចំនួន ៥១១ តូប និង រានលក់ដូរ ១៣៧ រាន។អាជីវករកំពុងប្រកបរបរទទួលទានក្នុងផ្សារដែលមានអត្តសញ្ញាណគ្រប់គ្រាន់ មានតែតូបចំនួន ៤៥១ តូប​ និង ២៩ រានប៉ុណ្ណោះ។ដូច្នេះការផ្តល់ប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះគឺផ្តល់ជូនតែអាជីវករដែលមានអត្តសញ្ញាណគ្រប់គ្រាន់តែប៉ុណ្ណោះចំពោះអាជីវករដែលមិនទាន់បានទទួលត្រូវរួសរាន់ក្នុងការបំពេញឯកសារដែលពាក់ព័ន្ធជាមួយនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិជាមួយគ្នានេះដែរគណៈកម្មការគ្រប់គ្រងផ្សារគគីរត្រូវសហការជាមួយអាជីវកររៀបចំរាល់ឯកសារដែលត្រូវចេញប័ណ្ណបន្តទៀត។

        ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តបានក្រើនរំលឹកដល់អាជីវករលក់ដូរទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្នុងការលក់ដូរ និង ចេះអធ្យាស្រ័យគ្នា ទៅវិញទៅមកក្នុងករណីលក់ ទំនិញដូចគ្នាកុំប្រជែងលើតំលៃលក់អោយអតិថិជនដែលធ្វើអោយអាជីវករដូចគ្នាមានអារម្មណ៍កត់សំគាល់ហើយអាចឈានទៅមានជម្លោះនៅថ្ងៃណាមួយ។បញ្ហានេះគ្រប់អាជីវករត្រូវតែចៀសវាងអោយបានដើម្បីធ្វើអោយមុខរបររបស់យើងមានដំណើរការរលូន និង បង្ហាញពីសាមគ្គីភាពរវាងអ្នកជិតខាងផងដែរ។

        ឯកឧត្តមបានផ្តាំផ្ញើដល់អាជីវករទាំងអស់ដែលទទួលប័ណ្ណសំគាល់សិទ្ធិនេះហើយត្រូវអនុវត្តអោយបានលើសិទ្ធ និង កាតព្វកិច្ចតាមសារាចរលេខ ០៨ ដែលមានសរសេរនៅក្នុងប័ណ្ណកម្មសិទ្ធិនេះស្រាប់ និង​សូមចូលរួមថែរក្សាអនាម័យដើម្បីសោភ័ណភាពផ្សាររបស់យើងទាំងអស់គ្នា។

        គួររំលឹកផងដែរថានៅក្នុងខេត្តកណ្តាលគណៈកម្មការគ្រប់គ្រងផ្សារគ្រប់ប្រភេទបានបែងចែកចំណាត់ថ្នាក់ប្រភេទផ្សារនីមួយៗមាន ១៣ ផ្សារដែលមានតូបចំនួន ៤២៧ តូបមានលក់ដូរ ៤៦១ រាន និង ស្តង់ចំនួន ១៩៦ ស្តង់។