សម្តេចក្រឡាហោមសខេង ប្រគេនព្រះភ្លើងបូជាសពចៅអធិការវត្តប្រជុំនទី

          ព្រលប់​នាថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០១៧ ត្រូវនិង​ថ្ងៃទី​១៥រោច​ ខែ​ជេស្ន ឆ្នាំរកា នព្ធស័ក​ ព.ស​២៥៦១ សម្តេច​ក្រឡាហោម​សខេង​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បា​ន​អញ្ជើញ​ជាអធិបតី​ប្រទាន​ព្រះអគ្គី​បូជា​ព្រះសព​ ព្រះ​យោសសធម្ម​ ញ៉ែម សុភ័ក្ក្រ ព្រះរាជាគណៈ​ថ្នាក់ទោ និងជា​ចៅអធិការវត្ត​ប្រជុំនទី​ហៅវត្តក្រពើហា។

 ​​​​ យាង និមន្ត​ និងអញ្ជើញ​ចូលរួម​ក្នុងពិធី​បូជា​ព្រះសព​មាន​ព្រះវត្តមាន​ និងវត្តមាន​សម្តេច​ព្រះ​អគ្គមហាសង្ឃរាជាធិបតី​កិតិឧទ្ទេស​បណ្ឌិត​ ទេព វង្ស ​និង​មន្ត្រីសង្ឃ​គ្រប់​លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវ​ ជាសមាជិក​រាជរដ្ឋាភិបាល​ ព្រិទ្ធសភា​ រដ្ឋសភា​ ថ្នាក់ដឹកនាំ​ខេត្តកណ្តាល ពុទ្ធបរិស័ទ និង​ជាប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ។

   ​​ សម្តេច​ព្រះ​ឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ បា​នអាន​វិយោកថា ដោយ​រំជួល​ចិត្ត​ក្រៀម​ក្រំ​ថា​ ការទទួល​អនិច្ចធម្ម​របស់​ព្រះ​យោសធម្ម ញ៉ែម សុភ័ក្រ្ក គឺជាការបាត់បង​សង្ឃ​ដ៍ល្អ​ឆ្នើ​ម​មួយ​ព្រះអង្គ​ក្នុងវិស័យ​ព្រះពុទ្ធសាសនា បាត់បង់​ពលរដ្ឋ​ដ៍ល្អ​ម្នាក់​ក្នុងសង្គម​ បាត់បង់​កុលបុត្រដ៍ឆ្នើម​​ម្នាក់​ក្នុងគ្រួសារ​ បាត់បង់ការកសាង​ និង​ការសន្តោសចែករំលែក បាត់បង់​សេចក្តី​ធ្លាប់​គោរពរាប់អាន​ដែល​ជា ថ្នាក់​ដឹកនាំ​មួយ​ព្រះអង្គ​ពី​ព្រះសង្ឃ​និងពុទ្ធបរិស័ទ ពីកល្យាណមិត្ត​បាត់បង់​ព្រហ្ម​វិហារធម៌​ សេចក្តី​ស្មោះសរ​ និងជាការបាត់​បង់​ព្រះទ័យ​សប្បុរស​ធម៌​ ការសន្តោសប្រណី​ និងការ​អធ្យាស្រ័យ​ខ្ពស់​បំផុត​ថែមទៀត។

    ព្រះ​យោសធម្ម​ ញ៉ែម សុភ័ក្រ្ក ប្រសូតនៅថ្ងៃ​ព្រស្បតិ៍​ ១៥កើត​ ខែ​បុស្ស​ ឆ្នាំច ចត្វាស័ក​ ព.ស​ ២៥១៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៦៩ វេលាម៉ោង​ ១៩:៤០នាទី ជាកូន​ទី៦ ក្នុងចំណោម​បងប្អូន​៧នាក់​ ដែលមាន​ស្រី៥នាក់ ស្ថិតក្នុងក្រកូល​គ្រួសារ​កសិករ នៅភូមិ​ព្រែកឬស្សី​ ឃុំ​កំពង់​កុង  ស្រុកកោះធំ ខេត្តកណ្តាល​។ ញោមប្រុស​នាម ញ៉ែម​ ឆិល ទទួល​មរណភាពក្នុង​សម័យ​ ប៉ុល ពត ញោម​ស្រីនាម អ៊ឹម យ៉េន ទទួល​មរណភាពក្នុងឆ្នាំ២០១១។

      នាថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០០០ ព្រះ​យោសធម្ម ​ញ៉ែម​ សុភ័ក្រ្ក ជាចៅអធិកាវត្ត​ប្រជុំនទី​ ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៧ ជាសមាជិក​ថេរសភានៃ​ព្រះពុទ្ធ​សាសនា នៅព្រះរាជាណាចក្រកម្ពុជា​។ ព្រះ​យោសធម្ម ញ៉ែម សុភ័ក្រ្ក បានទទួល​អនិច្ច​ធម្ម នៅមន្ទីពេទ្យ​កាលម៉ែត្រ ដោយ​ព្រះរោគាពាធ​ នៅថ្ងៃអាទិត្យ​ ទី២២ ខែមករា​ ឆ្នាំ​២០១៧ វេលា​ម៉ោង ១៩ និង​៤០នាទិ​ដោយព្រះ​រោគា​ពាធ​ ដែល​ធ្វើឲ្យ​ព្រះសង្ឃ​ សិក្សគណ និងពុទ្ធ​បរិស័ទ​មានសេចក្តី​សោកស្តាយ​បំផុត។

          បន្ទាប់​ពីអាន​វិយោគកថា  ​ ដោយ​សម្តេច​ព្រះឧត្តមចរិយា    បណ្ឌិត​    ឈឹង ប៊ុនឈា  រួចមកសម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ប្រគេន​ព្រះ​អគ្គី​បូជាព្រះសព​ព្រះយោសធម្ម​ ញ៉ែម សុភ័ក្រ្ក ជាកិច្ច​បញ្ចប់​ពិធីបុណ្យ​ដែលមាន​រយៈពេល​ ១៥០ថ្ងៃ​កន្លងមកនេះ។ ចប់ពី​ពេលនេះទៅ​ព្រះឃោសធម្ម​ ញ៉ែម សុភ័ក្ក្រ បាន​និមន្ត​ឃ្លាតឆ្ងាយ​ពីយើង​ទាំង​អស់​គ្នា​ដោយ​គ្មាន​ពេល​និមន្ត​មករកយើង​ទាំងអស់​គ្នាវិញឡើយ៕