ពិធីប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សាសង្កាត់ កំពង់សំណាញ់

សមាសភាពជាប្រធានក្រុមប្រឹក្សាសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល អញ្ជើញប្រកាសសុពលភាព សំរាប់អាណត្តិទី ៤ កាលពីថ្ងៃអាទិត្យទី ២ ខែ កក្កដា ឆ្នាំ ២០១៧ នៅសាលាសង្កាត់។

        ប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ២៣៧៥ ប្រ.ក ចុះថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ បានទទួលស្គាល់សមាសភាពជាចៅសង្កាត់ ចៅសង្កាត់រងទី ១ ចៅសង្កាត់រងទី ២​នៃសង្កាត់កំពង់សំណាញ់រួមមាន លោក យាវ ឡេង ជាចៅសង្កាត់ លោក ឡាយ  ហោ ជាចៅសង្កាត់រងទី១ និងលោក ហង់ សុន ជាចៅសង្កាត់រងទី២ និងមានសមាជិកក្រុមប្រឹក្សា​រចំនួន៤រូបទៀតសរុប៧រូប។

        មានប្រសាសន៏ក្នុងពិធី ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ​ ត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង​ និងអភិវឌ្ឍនៅមូលដ្ឋានក្នុងអាណត្តិទី៥បន្តទៀត។នេះមានន័យថាទោះបីជាក្រុមប្រឹក្សាឃុំ​ សង្កាត់ប្រកាសទទួលស្គាល់​នាឱកាសនេះ ជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មីក៏ពិតមែន​ប៉ុន្តែមិនមែនបានសេចក្តីថា​ ការងារគ្រប់គ្រង និងការងារអភិវឌ្ឍមូលដ្ឋាន​ដែលក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិចាស់បានអនុវត្តកន្លងមក​ ត្រូវបានបញ្ចប់នោះទេ​ ពោលគឺក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី ត្រូវបន្តអនុវត្តការងារគ្រប់គ្រង​ និងការអភិវឌ្ឍមូលដ្ឋាន​ ពីក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិចាស់សំដៅធានាអោយមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល​ និងការផ្តល់​សេវា​ ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន​អោយកាន់តែមានប្រសិទ្ធភាពថែមទៀត​ដើម្បី​ឆ្លើយតបតម្រូវការ​របស់ប្រជាពលរដ្ឋ​។ឯកឧត្តមបានបន្តថា​ ទន្ទឹមនោះក្រុមប្រឹក្សាឃុំ​ សង្កាត់ត្រូវ​បន្តនិរន្តរភាពការគ្រប់គ្រង​ និងអភិវឌ្ឍនៅតាមភូមិ​​នីមួយៗរបស់ខ្លួន​ដែលមានមេភូមិជា​តំណាងប្រជាពលរដ្ឋ​ទាំងអស់នៅក្នុងភូមិ​ និងជាខ្សែរយៈចម្បង​សំរាប់ភ្ជាប់ទំនាក់ទំនង​រវាងភូមិ និងក្រុមប្រឹក្សាឃុំ​ សង្កាត់។ជាគោលការណ៏មេភូមិ​ អនុប្រធានភូមិ និងសមាជិកភូមិ​មិនត្រូវបានកំណត់អាណត្តិការងារឡើយ។រាល់ការផ្លាស់ប្តូរឫការតែងតាំង​មេភូមិ អនុប្រធានភូមិ​និងសមាជិកភូមិណាមូយ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអនុវត្តអោយបានត្រឹមត្រូវ​ស្របតាមសេចក្តីណែនាំរបស់​ក្រសួងមហាផ្ទៃ​ លេខ ០០៤ សណន ចុះថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០០៦ ស្តីពីបែបបទ​ និតិវិធីនៃការជ្រើសរើស​ មេភូមិ ការចូលកាន់តំណែង​ការផ្លាស់​ប្តូមេភូមិ​ ការតែងតាំងជំនួយការមេភូមិ​ ការតែងតាំងជំនួយការមេភូមិ​ និងតួនាទី ភារកិច្ចេ​បៀបរបបការងាររបស់ភូមិ។សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិថ្មីទាំងអស់​ សូមផ្តោតការយកចិត្តទុកដាក់​លើវិស័យជាអាទិភាពមួយចំនួន​ដែលមានដែលមានផលប៉ះពាល់​ផ្ទាល់​មកលើតម្រូវការជាក់ស្តែង​ និងជាបន្ទាន់ចាំបាច់របស់ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាពិសេសគ្រួសារក្រីក្រ​ ជនងាយរងគ្រោះ​ គ្រួសារយោធិនពលីពិការ​ ស្រ្តីមេមាយ កុមារ យុវជន ជនជាតិដើមភាគតិច​ មានដូចជាសេវាទាក់ទងនិងសុខភាព អប់រំ កសិកម្ម ការកែលម្អរបរិស្ថាន និងសេវាសង្គមផ្សេងៗទៀត។ក្រៅពីនេះក៏ត្រូវពិចារណាផងដែរអំពីតម្រូវការក្នុងការងភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក អណ្តូងទឹក ស្រះទឹក ជាដើម។

Loading the player ...