ពីធីប្រកាសបិទផ្សាយជាសាធារណៈឯកសារវិនិច្ឆ័យនៅឃុំក្រាំងម្កាក់

       

លោក ព្រំ ឆាត អនុប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និង ​សូយោដីខេត្ត បានអោយដឹងថាក្បាលដីរបស់ប្រជាពលរដ្ឋចំនួន ២ភូមិ នៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ភូមិព្រៃពពេល និងភូមិព្រៃខ្លា ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការរវិនិច្ឆ័យដោយមន្រ្តីគំរោងរបស់មន្ទីរ​ ដើម្បីទុកជូនប្រជាពលរដ្ឋមកធ្វើការផ្ទៀងផ្ទាត់ ក្នុងរយៈពេល ១៥ថ្ងៃ​ ចាប់តាំងពីថ្ងៃទី ០៥ ខែកញ្ញា រហូតដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧។ លោកបានបន្តទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដោយក្រុមទី៤ របស់គំរោងមានសរុបក្បាលដី ១.០៩៨ ក្បាលដី។ ក្នុងនោះមានប្រភេទដីលំនៅឋាន កសិកម្ម ទួលអ្នកតា ទួលកប់សេព និងក្បាលដីគ្មានទិន្ន័យ។ សរុបជារួមក្រុមទាំង៥របស់គំរោង​អនុវត្តការបិទផ្សាយឯកសារនៃការវិនិច្ឆ័យ ដី ធ្លី សំរេចបាន៩៣លើករួមមាន ២០២.២១៩ក្បាលដី ដែលមាននៅស្រុកកណ្តាលស្ទឹង ស្អាង ក្រុងតាខ្មៅ អង្គស្នួល និងគៀនស្វាយ។

                លោក​ នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានជំរាបជូនប្រជាពលរដ្ឋម្ចាស់ដី ពីគោលបំណងនៃការបិទផ្សាយ ទិន្ននន័យក្បាលដីរបស់បងប្អូន​ គឺដើម្បីធានាបាននូវទិន្នន័យក្បាលដី អោយមានលក្ខណៈត្រឹមត្រូវ និងអោយមានការឯកភាពគ្នាលើទិន្នន័យដែល មន្ត្រីជំនាញសុរិយោដី បានស្រង់ ហើយលទ្ធផលដែលទទួលបានត្រូវបានប្រើប្រាស់សំរាប់ចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លី ដែលជាការរួមចំណែក កាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមផងដែរថា រាល់ទិន្នន័យដែលបានបិទផ្សាយនេះ  បើមាន​ប្រជាពលរដ្ឋពិនិត្យឃើញមានខុសនព្រំប្រទល់ ទំហំ អក្ខរាវិរុទ្ធនៃឈ្មោះ ទីកនែ្លងកំណើត ប្រភពទ្រព្យ និង​ប្រភេទដី សូមធ្វើការតវ៉ាដោយអហិង្សា អកប្បកិរិយាថ្លៃថ្នូរ ជាមូយមន្រ្តីជំនាញដែលប្រចាំការ ទាំងថ្ងៃឈប់សំរាក រឺថ្ងៃបុណ្យ ដើម្បីអោយក្រុមមន្រី្តជំនាញ កែតំរូវងាយស្រួលដល់ការចេញបណ័្ណជូន ដែលជាដំណាក់កាលចុងក្រោយនៃនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

                លោកបានអំពាវដល់ប្រជាពលរដ្ឋម្ចាស់ដី ត្រូវប្រញាប់មកធ្វើការពិនិត្យផ្ទៀងផ្ទាត់តាមការកំនត់របស់ក្រុមការងារ​។