មន្ទីរកិច្ចការនារីខេត្តកណ្តាល ផ្សព្វផ្សាយការងារយេនឌ័រ និងសុខភាពភ្នែកជូនប្រជាពលរដ្ឋ

ក្នុងគោលបំណង​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពពិការ​ភ្នែក ​របស់​ប្រជាពលរដ្ឋ​ ដែល​មាន​វ័យ​ចំណាស់​​ មន្ទីរកិច្ចការនារីខេត្តបាន​រៀបចំព្រឹត្តិការណ៍​សាធារណៈ​ស្តីពី​ សុខភាព​ភ្នែក​ និងយេនឌ័រ​ជូន​ប្រជាពលរដ្ឋ​​នៅ ឃុំស្អាងភ្នំ​ ស្រុកស្អាង​ នៅថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៧ ដែលមាន​វត្តមានប្រជាពលរដ្ឋ​ចូលរួមចំនួន ៣០០នាក់។

លោកស្រី​ ឡៅ វណ្ណារ័ត្ន​ ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកណ្តាល បានជំរាប​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួមអំពីការ​ការគិតគូរខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមានសម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ​បាន​និងកំពុង​យកចិត្តទុកដាក់​លើកផ្នែក​សុខភាព​ របស់​ប្រជាពលរដ្ឋ​ ស្ត្រី និងកម្មករ ពិសេស​ប្រជាពលរដ្ឋ​ដែល​មានវ័យចំណាស់​ ហើយមានការបញ្ហា​ផ្នែកសុខភាព។ តាម​ រយៈការផ្សព្វផ្សាយ​ជូនប្រជាពលរដ្ឋ​នៅ​ឃុំស្អាងភ្នំ លោកស្រី​ប្រធានមន្ទីរ​ កិច្ចការនារី​ក៍បាន​បញ្ជាក់​ផងដែរ​ពីកម្មវិធី​ជាច្រើន​របស់ក្រសួង​កិច្ចការនារី​ដែល​ បាន​និងកំពុង​យកចិត្តទុកដាក់​លើកកម្ពស់​​សកម្មភាព​ការយល់ដឹង​ ការបង្កើន​ចំណេះ​ដឹង​ ចំណេះធ្វើ​ជូនដល់​ប្រជាពលរដ្ឋ​ពិសេស​ស្ត្រី​ ឲ្យចេះរក​ប្រាក់ចំណូល​ដើម្បី​បង្កើន​សេដ្ឋកិច្ចគ្រួសារ​ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ ដែល​គោល​ដៅ​ជាយុទ្ធសាស្ត្រ​កាត់របស់​រាជរដ្ឋាភិបាល​។

នៅក្នុងព្រឹត្តិការណ៍នៃការផ្សព្វផ្សាយ​នេះដែរ​មន្ទីរ ​ក៍បាន​រៀបចំ​ឲ្យមានការសម្តែង​សិល្បៈ ​ស្តីពី​បញ្ហា​​សុខភាព​ភ្នែក ផ្សាភ្ជាប់​នឹងការងារ​យេនឌ័រ ដោយ​ក្រុមសិល្បៈ​របស់​មន្ទីរ​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ខេត្តកណ្តាលផងដែរ​។

សូម​បញ្ជាក់ផងដែរថា ​ការ​ពិនិត្យ និងព្យាបាល​សុខភាពភ្នែក​នេះគឺផ្តោ​សំខាន់លើ​បញ្ហាភ្នែក​មានកន្ទុយថ្លែន និងភ្នែកឡើងបាយ​ ហើយ​ការពិនិត្យ​ព្យាបាល​គឺ​ប្រជាពលរដ្ឋ​មានបញ្ហាភ្នែក​​នេះពុំមាន​ការបងថ្លៃទេ គឺគិតតែលើការធ្វើលិខិតស្មាមរដ្ឋបាល​តែប៉ណ្ណោះ ​ នៅមន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ក្រុងតាខ្មៅ​ ខេត្តកណ្តាល ។  ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដែល​មានបញ្ហាភ្នែក​  សូម​មេត្តាកុំ​ប្រើ​ប្រាស់​​

ឱសថ​ដោយខ្លួនឯង ត្រូវ​អញ្ជើញមក​មន្ទី​រពេទ្យ​ដែល​នៅជិតខ្លូន​ ​ដើម្បី​ធ្វើការ​ពិនិត្យ​ និងព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​ជៀសវៀង​ធ្វើឲ្យជំងឺ​កាន់តែធ្ងន់ធ្ងរទៅៗ៕