កិច្ចត្រួតពិនិត្យការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ នៅស្រុកកោះធំ និងស្រុកលើកដែក

នាចុងសប្តាហ៏កន្លងទៅ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំការងារលប់បំបាត់ ការដាក់ប៉ុស្តិ៍អនាធិបតេយ្យ នៅតាមបណ្តារព្រំដែន ទាំងផ្លូវទឹក និងផ្លូវគោក។ កិច្ចប្រជុំបានធ្វើឡើងនៅការិយាល័យគយ និងរដ្ឋករជ្រៃធំ ស្រុកកោះធំ ដែលមានអាជ្ញាធរមូលដ្ឋាន និងសមាសភាពពាក់ព័ន្ធមួយចំនួន។

        ក្នុងកិច្ចប្រជុំនេះដែឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំលេខ០១១ សណន ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ ស្តីពីកាពង្រឹងវិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យអនាធិបតេយ្យទាំងផ្លូវគោក និងផ្លូវទឹក។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមក៏បានស្នើរឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តតាមស្មារតីសេចក្តីណែនាំលេខ០១១ សណន របស់ក្រសួងមហាផ្ទៃអោយទទួលបានលទ្ធផលល្អសំដៅរួមចំណែកពង្រឹង សុវត្ថិភាពនៅតាមច្រករបៀងតូចៗដែលកន្លងមកបានកើតមានធ្វើអោយចំណូលរបស់រដ្ឋមានការថយចុះ និង មានភាពអនាធិបតេយ្យក្នុងការគ្រប់គ្រងការងារចរាចរណ៍ទំនិញគ្រប់ ប្រភេទ។

     ឯកឧត្តមបានឲ្យអភិបាលស្រុកពីរ ដែលនៅជាប់ព្រំដែនគឺស្រុកកោះធំ និងស្រុកលើកដែក ព្រមទាំងប្រធានស្នាក់ការច្រកទាំងពីរ ដឹកនាំរៀបចំផែនទី ទីតាំងប៉ុសិ៍ត្រួតពិនិត្យជាក់ស្តែងដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ឯកឧត្តមបានបន្តទៀតថាប្រសិកបើនៅមាន ប៉ុស្តិ៍អនាធិបតេយ្យ គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់ រាល់សកម្មភាពហើយសមត្ថកិច្ចទាំងនោះ ត្រូវវិលចូលទីតាំងអង្គភាពដើមវិញ មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ជាកំហិត មានន័យថាបន្ទាប់ពីប្រជុំបាន១ថ្ងៃ។ ឯកឧត្តមបានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទាំងពីរ ត្រូវពិនិត្យ និងតាមដានសកម្មភាពការលួចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ព្រមទាំងរាយការណ៏ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីមានចំណាត់ការសម ស្រប។