ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនៅខេត្តកណ្ដាល

ក្រសួងមុខងារសាធារណៈបានធ្វើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជូនដល់ មន្រ្តីរាជការជាង ២០០​នាក់ដែលតំណាងឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកក្នុងទូទាំងខេត្តកណ្ដាល នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯលឧត្ដម នូវ ប៉េងចន្ទតារា អភិបាល​នៅ​ខេត្តកណ្ដាល ។

          បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ ឯកឧត្ដម នូវ ប៉េងចន្ទតារា អភិបាលរងខេត្ត រួចមក ឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីគោលបំណងសំខាន់នៃការផ្សព្វផ្សាយច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តិនាពេលនេះគឺឲ្យមន្ត្រីទាក់ទិនគ្រប់លំដាប់ឲ្យបានដឹង និងយល់អំពីច្បាប់ដែលពាក់ព័ន្ធ នឹងការចូលនិវត្តន៍ ការ​បាត់បង់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្ដងគត់ ដល់មន្រ្តីនៅពេលចូលនិវត្តន៍។ នៅក្នុងការផ្សព្វផ្សាយនេះឯកឧត្ដម ជុក មន្នីបានស្នើឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវខិតខំត្រងត្រាប់នូវរាល់បទឧទេសនាមរបស់ឯកឧត្ដម ស សាម៉ីដី ទីប្រឹក្សាក្រសួង និងលោកមាសពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដើម្បីយកទៅអនុវត្ត​ឲ្យចំទិសដៅ​ជូន​មន្រ្តីរាជការដែលខិតខំបំរើការងារជូនរដ្ឋហើយត្រូវបានដល់អាយុចូលនិវត្តន៍។

          ឯកឧត្ដម សាម៉ីឌី និងលោកមាស ពេជ្រ បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យចំនួន ៦ ស្ដីពីការអនុវត្តរបបសោធននិវត្ត ការកំណត់ប្រាក់ឧបត្ថម្ភលើកដំបូងម្ដងគត់ ការកែលំអបៀវត្ស កម្មាភិបាលបុគ្គលិកកម្មកររដ្ឋការកែប្រែ និងតំលើង​របប​សន្តិសុខសង្គម ការកែសំរួល ការអនុវត្តរបបសោធននិវត្ត និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ​ចំពោះមន្ត្រី​រាជការស៊ីវិល​តាម​ប្រព័ន្ធបៀវត្សថ្មី ព្រះរាជក្រឹត្យស្ដីពីការដកសំរួលអាយុចូលនិវត្តរបស់មន្ត្រីរាជការជាស្រ្ដី និងសារាចរស្ដីពីការកែសំរួល​និតិវិធី​នៃការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍។