ផែនការអភិវឌ្ឍន៍៣ឆ្នាំតំបូងនៃកម្មវិធីជាតិ ផ្ដោតទៅលើការបង្កើត ការបំពេញមុខងារអភិបាលកិច្ច

១.   សេចក្ដីផ្ដើម

១.១. គោលបំណង

ឯកសារនេះ រៀបរាប់អំពីផែនការអនុវត្ដរយៈពេលបីឆ្នាំដំបូង(ផអ៣)របស់រាជរដ្ឋាភិបាលកម្ពុជា ដែល គ្របដណ្ដប់លើដំណាក់កាលទី១ (ឆ្នាំ២០១១ ដល់២០១៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំស្ដីពី ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ផអ៣ ផ្ដោតទៅលើការបង្កើត ការបំពេញមុខងារ អភិបាលកិច្ច និងការត្រួតពិនិត្យរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដោយចាប់ផ្ដើមជាបឋម គឺនៅថ្នាក់ក្រុង ស្រុក ដើម្បីធានាឱ្យមានកិច្ច សហប្រតិបត្ដិការ និងការគាំទ្រប្រកបដោយ ប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធរវាងក្រុង ស្រុកជាមួយឃុំ សង្កាត់ក្នុងន័យពង្រឹងថែមទៀតនូវសមត្ថភាព និងភាពជា ម្ចាស់របស់ឃុំ សង្កាត់ ព្រមទាំងយកចិត្ដទុកដាក់ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលរាជធានី ខេត្ដ។ ជាមួយគ្នានេះដែរ ផអ៣ក៏ផ្ដោតទៅលើការរៀបចំតាក់តែងបន្ថែមនូវ ក្របខ័ណ្ឌគោលនយោបាយនានាផងដែរ។

ផអ៣ ត្រូវប្រតិបត្ដិ និងសម្របសម្រួលដោយគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)តាមរយៈលេខាធិការដ្ឋានរបស់ខ្លួន។

 ១.២. កិច្ចដំណើរការនៃការរៀបចំតាក់តែង

            សេចក្ដីព្រាងលើកទី១នៃផអ៣ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ផ្អែកលើក្របខ័ណ្ឌ ទស្សនទាន និងជម្រើសនានាដែលបានកំណត់នៅក្នុងឯកសារគោលនៃផអ៣ (ខែមីនា ឆ្នាំ២០១០)។

            ក្រសួង ស្ថាប័នសំខាន់ៗដែលទទួលខុសត្រូវក្នុងការអនុវត្ដ ផអ៣ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រសួងផែនការ រដ្ឋលេខាដ្ឋានមុខងារសាធារណៈ និងសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាឃុំ សង្កាត់ បានចូលរួមយ៉ាង សកម្មក្នុងការរៀបចំផ្នែកសំខាន់ៗរបស់ឯកសារនេះ។

            សេចក្ដីព្រាងដំបូងនៃផអ៣ (ខែសីហា ឆ្នាំ២០១០) ត្រូវបានចែកជូន និងធ្វើការពិភាក្សា ជាមួយក្រសួង ស្ថាប័ន សំខាន់ៗ និងដៃគូអភិវឌ្ឍន៍នានានៅខែកញ្ញា ឆ្នាំ២០១០។

១.៣. រចនាសម្ព័ន្ធឯកសារ

            ឯកសារនេះបែងចែកជាពីរផ្នែកធំៗ ៖ ផ្នែកទីមួយបរិយាយអំពីក្របខ័ណ្ឌទូទៅនៃកម្មវិធី និងផ្នែកទី២រៀបរាប់ លម្អិតអំពីអនុកម្មវិធីនីមួយៗ។

            ផ្នែកទី១នៃឯកសារនេះ ចាប់ផ្ដើមដោយការគូសបញ្ជាក់ឡើងវិញអំពីទស្សនៈរបស់រាជរដ្ឋា ភិបាលចំពោះកម្ម វិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបាន កំណត់ថា កម្មវិធីជាតិ គឺជាកម្មវិធី នៃកំណែទម្រង់ទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ ក៏ដូចជា ការលើកកម្ពស់ទាំងអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍ មូលដ្ឋាន ដូចមានរៀបរាប់ក្នុងចំណុចទី២ ចំណុចទី៣រៀបរាប់អំពីទស្សនៈរបស់រាជរដ្ឋាភិបាលចំពោះកម្មវិធីជាតិ។ ចំណុចទី៤បង្ហាញពីចក្ខុវិស័យនៃកម្មវិធីជាតិ។ ចំណុចទី៥ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពនៅក្នុងផអ៣។ ចំណុចទី៦ ពាក់ព័ន្ធនឹងក្របខ័ណ្ឌ គោលបំណង គោលដៅ លទ្ធផល និងសនិទានភាពនៃកម្មវិធី។

            ពាក់កណ្ដាលចុងក្រោយនៃផ្នែកទី១នេះ ពាក់ព័ន្ធនឹងការអនុវត្ដនៃកម្មវិធី ដែលរួមមានការ រៀបរាប់​អំពីវិធីសាស្ដ្រ នៃផអ៣ ក្នុងការរៀបចំចាត់ចែងធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាព និង ការផ្ដល់មូលនិធិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ចំណុចទី៧)។ ចំណុចទី៨ពាក់ព័ន្ធនឹងរបៀបរៀបចំនានាសម្រាប់ការគ្រប់គ្រង។ ចំណុចទី៩ពាក់ព័ន្ធនឹងការតាមដាន និងវាយតម្លៃ និងចំណុចទី១០ពាក់ព័ន្ធនឹងគម្រោងថវិកាសរុបរបស់កម្មវិធីទាំងមូល។

ចុងក្រោយបំផុតនៃផ្នែកទី១នេះ រៀបរាប់ពីការសន្មត និងហានិភ័យ(ចំណុចទី១១) ព្រមទាំងតារាង តក្កភាព (ចំណុចទី១២)។

គោលបំណងនៃ ផអ៣

ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបយេត្យនៅថ្នាក់ក្រោមជាតិ ផ្អែកទៅលើគោលបំណង ពីរដែល មានសារៈសំខាន់ដូចគ្នា និងជួយពង្រឹងគ្នាទៅវិញទៅមកៈ

ក).  ការអភិវឌ្ឍនូវស្ថាប័នអភិបាលកិច្ចថ្នាក់ក្រោមជាតិនានា ដូចជា ស្ថាប័នតាមបែបប្រជាធិបតេយ្យ សម្រាប់ ការពិភាក្សា និងការរៀបចំគោលនយោបាយ និងដែលមានរដ្ឋបាលប្រកបដោយ គណនេយ្យភាព និង ប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ 

ខ).   លើកកម្ពស់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ ដូចជា ការលើកកម្ពស់ការផ្ដល់ សេវា ការគ្រប់ គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកៀរគរ ការប្រមូលផ្ដុំ និងការគួបផ្សំរវាង ធនធានថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលទទួលបានពីធនធានសាធារណៈ ធនធានសហគមន៍ និង ធនធានវិស័យឯកជន។

ក្នុងន័យនេះ គោលបំណង ផអ៣ នឹងផ្ដោតទៅលើការលើកកម្ពស់ បង្កើត និងធ្វើឱ្យមានចីរភាព នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅក្នុង ប្រទេសកម្ពុជា ជាពិសេស ដើម្បី“អភិវឌ្ឍកិច្ចដំណើរការ និងសមត្ថភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធ្វើជាតំណាងឱ្យមតិយោបល់របស់ប្រជា ពលរដ្ឋមូលដ្ឋាន និងឆ្លើយតប ទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌ គតិយុត្ដដែលបានបង្កើតឡើង

            លទ្ធផលរំពឹងទុកនានារបស់ ផអ៣ មានលក្ខណៈស្មុគស្មាញ និងមានការលំបាក ក្នុងការ សម្រេច ដែលទាមទារ ឱ្យមានទាំងការវិនិច្ឆ័យ និងការវាស់វែងឱ្យបានច្បាស់ ដើម្បីធ្វើការតាមដាន និងវាយតម្លៃ។ បែបផែននៃការតាមដាន និងវាយតម្លៃមានបរិយាយនៅក្នុងចំណុចទី១០។

            នៅចុងបញ្ចប់នៃផអ៣ លទ្ធផលដែលរំពឹងទុកថានឹងសម្រេចបានរួមមាន ៖

១. ការបំពេញមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

      ក). ក្រុង ស្រុកទាំងអស់នឹងមានបុគ្គលិកគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កិច្ចដំណើរការរដ្ឋបាល នៅថ្នាក់រដ្ឋបាល ទាំងនេះផង និងសម្រាប់គាំទ្រដល់ឃុំ សង្កាត់ផង

      ខ). មូលនិធិឆន្ទានុសិទ្ធិ និងយន្ដការនានាក្នុងការផ្ដល់មូលនិធិដល់គម្រោង នឹងត្រូវបានរៀបចំ សម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ

      គ). ក្រុមប្រឹក្សានានានឹងត្រូវបានចូលរួមផ្ដល់យោបល់ដោយប្រជាពលរដ្ឋ និងក្រុមប្រជាពល រដ្ឋនានា។ ក្រុមប្រឹក្សានានានឹងប្រើប្រាស់ព័ត៌មានស្ដីពីការកសាងផែនការ ធ្វើការសម្រេចចិត្ដ និង​ផ្ដល់សេវាទាំង ឡាយ តាមរយៈទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្មដ៏ត្រឹមត្រូវនានា

      ឃ).ប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងត្រូវបានអភិវឌ្ឍ ដើម្បីផ្ដល់ លទ្ធភាពដល់ រដ្ឋបាលទាំងនោះ ក្នុងការផ្ដល់សេវានានា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការលើក កម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ច និងគ្រប់គ្រងធនធានធម្មជាតិនានា។

      ង). រដ្ឋបាលថ្នាក់ក្រោមជាតិនឹងផ្ដល់សេវាថ្មីៗ និងមានលក្ខណៈល្អប្រសើរជាងមុនដល់ ប្រជាពលរដ្ឋ ដែលមានលក្ខណៈសមស្របជាមួយនឹង អាទិភាពរបស់មូលដ្ឋានជាងមុន

      ច). រដ្ឋបាលថ្នាក់ខេត្ដនឹងត្រូវបានសម្របសម្រួលឱ្យទទួលតួនាទីថ្មីៗរបស់ខ្លួនក្នុងការកសាង សមត្ថភាព និង គាំទ្ររដ្ឋបាលមូលដ្ឋាន ដោយមិនប៉ះពាល់ដល់ស្វ័យភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់។

២. ការពិនិត្យមើលលើការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

     ក). ក្រសួង ស្ថាប័នថ្នាក់ជាតិ និងមន្ទីរជំនាញរបស់ខ្លួននៅថ្នាក់ខេត្ដ និងរដ្ឋបាលខេត្ដនឹងអនុវត្ដ តួនាទី របស់ខ្លួន ក្នុងការតាមដានការអនុវត្ដការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់ ការត្រួត ពិនិត្យនីត្យានុកូលភាព ជាជាងការត្រួតពិនិត្យផ្នែករដ្ឋបាល

     ខ). ក្រសួង ស្ថាប័នជំនាញនានានឹងពិនិត្យមើលវិសាលភាព ទីតាំង និងការចំណាយទៅលើ សកម្មភាព នានារបស់ខ្លួននាពេលបច្ចុប្បន្ន ព្រមទាំងចាប់ផ្ដើមរៀបចំស្ដង់ដារនានា សម្រាប់ជាមូលដ្ឋានមួយក្នុង ការផ្ដល់ព័ត៌មានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដាក់ចេញនូវបទ បញ្ញត្ដិអំពីស្ដង់ដារក្នុងការផ្ដល់សេវា ទាំងនេះ។

     គ). រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗនឹងអនុវត្ដកិច្ចសន្យាដែលបានធ្វើប្រតិភូកម្មក្នុងការប្រគល់ មុខងារ  របស់ថ្នាក់ជាតិ។

៣. ការរៀបចំគោលនយោបាយ

     ក). លេខាធិការដ្ឋាន គ.ជ.អ.ប នឹងត្រូវបានអភិវឌ្ឍឱ្យក្លាយជាស្ថាប័នផ្ដួចផ្ដើមគំនិតក្នុងការរៀប ចំគោល នយោបាយថ្នាក់ក្រោមជាតិនានា

     ខ). ក្រុមប្រឹក្សាទាំងឡាយនឹងទទួលបាននូវការគាំទ្រតាមរយៈសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់ដែល បានពង្រីកវិសាលភាព ឬតាមរយៈសមាគមក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្សេងទៀត ដែល តំណាងឱ្យផលប្រយោជន៍របស់ខ្លួន និងដើម្បីកសាងសមត្ថភាពរបស់ក្រុមប្រឹក្សា ទាំងនោះ។

            គោលដៅនៃផអ៣ គឺផ្ដល់លទ្ធភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ សុខុមាលភាព (ជីវភាពរស់នៅ សិទ្ធិ សេវា) ការលើកកម្ពស់សមភាពរវាងប្រជាពលរដ្ឋ និងសហគមន៍នានា និងការធានាបាននូវភាពគ្មានលំអៀងនៅ ក្នុងការទទួលបាននូវសេវានានា។

            ផលប៉ះពាល់នៃផអ៣ ត្រូវបានកំណត់ក្នុងការចូលរួមយោបល់ សុខុមាលភាព សិទ្ធិ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេស គឺផលប៉ះពាល់ទៅលើប្រជា ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ឬ ក្រុមភាគតិចផ្សេងទៀត។

·         ការធ្វើឱ្យល្អប្រសើរជាងមុនក្នុងការចូលរួមយោបល់ និងភាពជាតំណាង គឺជាលទ្ធផលនៃ ការជំរុញមានគណ នេយ្យភាពកាន់តែប្រសើរឡើង និងការចូលជួបអ្នកតំណាងដែលជាប់ឆ្នោត នានាកាន់តែងាយស្រួលជាងមុន ក៏ដូចជាដំណើរការនៃការចូលរួមរបស់ប្រជាពលរដ្ឋដែលត្រូវបាន លើកកម្ពស់ជាបន្ដបន្ទាប់។ យន្ដការដែល មានប្រជាពលរដ្ឋចូលរួមចំនួនច្រើនជាងមុន តំណាង ដោយអ្នកនយោបាយមូលដ្ឋាននឹងរៀបចំនូវគោល នយោបាយមូលដ្ឋានមួយ ដែលពោរពេញទៅ ដោយអត្ថន័យនៃភាពជាម្ចាស់កាន់តែប្រសើរជាងមុន មាន ការដាក់បញ្ចូលនូវបញ្ហារបស់ស្ដ្រី និង ក្រុមភាគតិចច្រើនជាងមុន ដែលនាំឱ្យមានការបែងចែកប្រកបដោយ ភាពយុត្ដិធម៌នូវធនធាននានា។

       សុខុមាលភាព សិទ្ធិ និងការទទួលបាននូវសេវាមូលដ្ឋាននានា ដែលត្រូវបានលើកកម្ពស់ គឺជាលទ្ធផលនៃ ៖

       ការឆ្លើយតបកាន់តែល្អប្រសើរជាងមុន ដែលសមស្របរវាងតម្រូវការផ្សេងៗគ្នារបស់មូលដ្ឋាន (ដែល បានអនុវត្ដតាមរយៈកិច្ចដំណើរការផ្នែកសង្គម និងផ្នែកគោលនយោបាយមូលដ្ឋាន និងការ វិភាជន៍ធនធាន ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការយល់ដឹងច្បាស់ពីស្ថានភាពនានា នៅមូលដ្ឋាន) និងការទទួលបាននូវធនធាននានាកាន់តែច្រើនឡើង ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍ ដោយសារក្រុមប្រឹក្សា ប្រើប្រាស់នូវធនធានរបស់ខ្លួនដើម្បីជំរុញ សម្របសម្រួល និងជួនកាល អាចផ្ដល់ហិរញ្ញប្បទានរួមគ្នា ជាមួយមន្ទីរជំនាញ ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិលនានាក្នុងការ ផ្ដល់សេវា និងលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

         ការលើកកម្ពស់គោលដៅតាមវិស័យរបស់កម្ពុជា ដូចមានចែងនៅក្នុងគោលដៅអភិវឌ្ឍន៍ សហស្សវត្ស និង ឯកសារវិស័យផ្សេងទៀត រួមមាន ៖

        ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រួមទាំងការបង្កើតការងារ និងការគាំទ្រសហ គ្រិនមូលដ្ឋាន

        ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានដែលត្រូវបានធ្វើមូលដ្ឋានភាវូបនីយកម្មកាន់ តែប្រសើរជាង មុន  រួមទាំងការត្រៀមលក្ខណៈជាមុនពាក់ព័ន្ធនឹង“ការប្រែប្រួលអាកាសធាតុ”។

            ផអ៣ បង្កើតឱ្យមានស្ថាប័នថ្នាក់ក្រោមជាតិនានា និងសមត្ថភាពនៅទូទាំងប្រទេស។ ហេតុនេះ ផអ៣ នឹង មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការបង្កើតឱ្យមានស្ថាប័នប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ នឹងធ្វើឱ្យ ប្រជាពលរដ្ឋមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរដ្ឋ និងឈានទៅដល់ ការពង្រីកទំនាក់ទំនង ក្នុងសង្គមដ៏ល្អប្រសើរ។

            ផលប៉ះពាល់ដ៏សំខាន់នៃផអ៣ នឹងធ្លាក់ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ ដែលជាកន្លែងទាមទារឱ្យមាន ការរៀបចំគោលនយោបាយ និងការវិភាជន៍ធនធាននានាមាន លក្ខណៈដាច់ដោយឡែក និងផ្សេងៗគ្នាជាច្រើន។

            សនិទានភាពនៃការផ្សារភ្ជាប់រវាងគោលបំណង និងគោលដៅរបស់ផអ៣ មានន័យថា អភិបាលកិច្ចមូលដ្ឋាន និងការធ្វើសេចក្ដីសម្រេច ព្រមទាំងសមត្ថភាពមូលដ្ឋានក្នុងការអនុវត្ដ សេចក្ដីសម្រេចនេះនឹងនាំឱ្យមាន ៖

         ការបង្កើតនូវអត្ដសញ្ញាណមូលដ្ឋាន ភាពជាម្ចាស់ និងរួមចំណែកក្នុងការកសាងមូលធនសង្គម និងទំនាក់ ទំនងនៅក្នុងសហគមន៍

         ភាពសមស្របកាន់តែប្រសើរឡើងរវាងសេវានានាដែលប្រជាពលរដ្ឋត្រូវការ រវាងសេវានានាដែលផ្ដល់ ដោយវិស័យសាធារណៈ

        ការបង្កើតនូវបរិយាកាស និងការលើកទឹកចិត្ដនានាសម្រាប់ការផ្ដួចផ្ដើមគំនិត និងធនធាន មូលដ្ឋានសម្រាប់ ប្រើប្រាស់ក្នុងកិច្ចអភិវឌ្ឍមូលដ្ឋាន។

លទ្ធផលរំពឹងទុករបស់ ផអ៣ (សមាសភាគ និងអនុកម្មវិធី)

 

            លទ្ធផលរំពឹងទុកនានារបស់ផអ៣ រួមមានសមាសភាគចំនួន១៧ និងគ្របដណ្ដប់ទៅលើ សារធាតុសំខាន់ទាំង៣នៃ ចក្ខុវិស័យ ដែលពាក់ព័ន្ធទៅនឹងកិច្ចដំណើរការរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព័ន្ធច្បាប់ និងការរៀបចំគោលនយោបាយ។

            សមាសភាគទាំងអស់ត្រូវបានរៀបចំ និងដាក់បញ្ចូលគ្នាទៅក្នុងអនុកម្មវិធីចំនួន៦ ដោយ ផ្អែកលើអាណត្ដិនានា របស់ស្ថាប័នអនុវត្ដដែលរួមមាន លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ផែនការ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់។ អនុកម្មវិធីនីមួយៗមាន រៀបរាប់អំពីគោលបំណង លទ្ធផល សកម្មភាព និងធនធានទាំងឡាយរបស់សមាសភាគនីមួយៗ រួមជាមួយនឹង សូចនាករ និងទំនាក់ទំនងនៃសមាសភាគជាមួយនឹងគោលដៅ និងគោលបំណងនៃផអ៣ទាំងមូល។